![]() |
| នាយករដ្ឋមន្ត្រីកម្ពុជាទទួលលោកថាក់ស៊ីន និងមេដឹកនាំក្រុមអាវក្រហមថៃ |
មិនថាជម្លោះដែនដីរវាងចិននិងវៀតណាមឬក៏ជម្លោះផ្ទៃក្នុងរបស់ប្រទេស ថៃនោះទេ ចំហាយនៃជម្លោះទាំងនោះសុទ្ធតែបានជះមកលើកម្ពុជាទាំងអស់ទោះតិចឬ ច្រើន ទោះជាដោយផ្ទាល់ឬដោយប្រយោលនិងសូម្បីតែជារឿងដែលមិនអាចទៅរួចក៏ដោយ។ ជាក់ស្តែង នៅពេលដែលវៀតណាមផ្ទុះកំហឹងប្រឆាំងចិនដោយសារតែជម្លោះដែនកោះ ជនជាតិចិនបានរត់ប្រសាចចូលមកកម្ពុជា។ កម្ពុជាក៏ត្រូវបានបណ្តាញផ្សាយព័ត៌មានលើកយកទៅសរសេរនិងធ្វើ អត្ថាធិប្បាយយ៉ាងគគ្រឹកគគ្រេងក្នុងភាពពាក់ព័ន្ធក្នុងជម្លោះរវាង ប្រទេសទាំងពីរ។
រឿងវៀតណាមនិងចិនមិនទាន់ទាំងចប់ផង រឿងថៃក៏បានផ្ទុះឡើងហើយក៏បានទាញកម្ពុជាឲ្យជាប់ពាក់ព័ន្ធ សារជាថ្មី។ ក្រៅពីផលប៉ះពាល់ដោយផ្ទាល់ខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្តីព្រួយបារម្ភអំពីបញ្ហាព្រំដែន ព័ត៌មានស្តីពីការបង្កើតរដ្ឋាភិបាលនិរទេសរបស់លោកថាក់ស៊ីនក៏បានលេចឡើង ព្រោងព្រាតតាមបណ្តាញផ្សាយព័ត៌មានក្នុងស្រុកនិងក្រៅស្រុក។
បើទោះជាកម្ពុជាមិនទាន់បានទទួលសំណើណាមួយបែបនេះក៏ដោយ ប៉ុន្តែ ទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធរវាងលោកថាក់ស៊ីនជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានជានាំឲ្យមតិខ្លះសង្ស័យបើទោះជាមិនអាចទៅរួចថា កម្ពុជាអាចផ្តល់ជម្រកដល់រដ្ឋាភិបាលនិរទេសរបស់លោកថាក់ស៊ីន។ ការសង្ស័យបែបនេះបានកើតឡើងបន្ទាប់ពីប្រភពស្និទ្ធនឹងលោកថាក់ស៊ីនបាន បង្ហើបពីលទ្ធភាពបង្កើតរដ្ឋាភិបាលនិរទេសមួយរបស់អតីត នាយករដ្ឋមន្ត្រីថៃដែលក្រុមយោធាទម្លាក់ចេញពីតំណែង។
ប៉ុន្តែ ទាំងនៅលើទិដ្ឋភាពច្បាប់កម្ពុជា ទាំងក្នុងក្របខណ្ឌតំបន់ និងទាំងលើទិដ្ឋភាពសីលធម៌និងផលប្រយោជន៍ជាតិ វាគឺជារឿងដែលមិនអាចទៅរួចទាល់តែសោះដែលថាកម្ពុជាអាចផ្តល់ជម្រកដល់ រដ្ឋាភិបាលនិរទេសរបស់លោកថាក់ស៊ីនឬរដ្ឋាភិបាលនិរទេសរបស់ជនជាតិ ណាមួយផ្សេងបានឡើយ។ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជាត្រង់មាត្រា៥៣ ចែងថា៖ «កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និង មិនចូលបក្សសម្ព័ន្ធ។ កម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃទោះជាដោយផ្ទាល់ឬដោយ ប្រយោល និងដោះស្រាយរាល់បញ្ហាដោយសន្តិវិធីនិងគោរពផលប្រយោជន៍ផងគ្នាទៅវិញ មក។ កម្ពុជាក៏មិនចងសម្ព័ន្ធយោធា ឬ ចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យាក្រឹតភាព របស់ខ្លួនឡើយ។ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ...»។ សរុបដោយខ្លី ច្បាប់កំពូលរបស់កម្ពុជាមិនអនុញ្ញាតឲ្យកម្ពុជាទទួលរដ្ឋាភិបាល និរទេសណាមួយនៅលើទឹកដីរបស់ខ្លួនទេ។
នៅក្នុងក្របខណ្ឌតំបន់វិញ ក្នុងនាមជាសមាជិករបស់អាស៊ាន កម្ពុជាក៏មិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយខុសពី គោលការណ៍របស់អាស៊ានបានដែរ។ ដោយឈរលើផលប្រយោជន៍ជាតិ កម្ពុជារឹតតែមិនអាចប្រកាន់ជំហរណាមួយដែលបង្កភាពប្រទូសរ៉ាយជាមួយ រដ្ឋាភិបាលប្រទេសជិតខាងបានទេ។ ក្នុងន័យនេះ គេជឿជាក់ថាគ្មានមេដឹកនាំខ្មែរណាមិនយល់ពីបញ្ហានេះហើយសុខចិត្ត ទទួលយករដ្ឋាភិបាលនិរទេសរបស់លោកថាក់ស៊ីននៅលើទឹកដីរបស់ខ្លួនបានឡើយ។ នេះជាភាពច្បាស់លាស់ដែលមិនគួរមានការសង្ស័យ។
ពិតណាស់ថា ទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោកថាក់ស៊ីនជាទំនាក់ទំនងដែលមានលក្ខណៈស៊ីជម្រៅ ប៉ុន្តែ វាគ្រាន់តែជាទំនាក់ទំនងបុគ្គលផ្ទាល់ខ្លួនតែប៉ុណ្ណោះដែលគេមិនអាចយក បញ្ហាប្រទេសជាតិទៅពាក់ព័ន្ធជាមួយបានឡើយ។
ម្យ៉ាងទៀត ឆ្លងកាត់ជម្លោះផ្ទៃក្នុងនិងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍រហូតដល់ ប្រទេសជាតិធ្លាក់ក្នុងរបបវាលពិឃាតខ្មែរក្រហមកាលពីចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ មេដឹកនាំ អ្នកនយោបាយ និងពលរដ្ឋខ្មែរពិតជាបានភ្លក់រស់ជាតិល្វីងជូរចត់គ្រប់គ្រាន់និង ស្គាល់បញ្ហាជាងប្រទេសជិតខាងទៅទៀត។ គឺបញ្ហាដែលកើតចេញពីកំហុសឆ្គងនយោបាយផ្ទៃក្នុងនិងនយោបាយការទេសរបស់ កម្ពុជា។
សរុបមកវិញ កម្ពុជាមិនអាចទទួលយករដ្ឋាភិបាលនិរទេសរបស់លោកថាក់ស៊ីនឬរដ្ឋាភិបាល និរទេសណាមួយផ្សេងក៏ដោយឲ្យបោះទីតាំងនៅលើទឹកដីរបស់ខ្លួនបានទេ។ គេក៏ជឿជាក់ដែរថា គ្មានអ្នកនយោបាយឬមេដឹកនាំខ្មែរណាហ៊ានយកល្បែងដ៏គ្រោះថ្នាក់នេះ មកលេងដូច«សត្វមមាចមិនស្គាល់ភ្លើង»ទៀតនោះឡើយ៕

No comments:
Post a Comment