23 May 2014
វិបត្តិនយោបាយថៃ៖មេទ័ពប្រាយុទ្ធ ចាន់អូចាប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលចំាផ្ទះ
ពិតជាមិនមានអ្វីគួរឲ្យចម្លែក និងភ្ញាក់ផ្អើលឡើយ ដែលប្រទេសថៃបានធ្លាក់ក្នុងរដ្ឋប្រហារយោធាជាថ្មីនៅពេលនេះ។ មិនចម្លែក និងមិនភ្ញាក់ផ្អើលនៅត្រង់ថា នៅពេលណាដែលវិបត្តិនយោបាយអូសបន្លាយគ្មានច្រកចេញ គឺមានតែកងទ័ពទេជាអ្នកចេញមុខដោះស្រាយ។
មេទ័ពលោកប្រាយុទ្ធ ចាន់អូចាដែលបានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកកាលពី ២ថ្ងៃមុន ពោលក្នុងថ្ងៃទី២២ ឧសភា មិនបានប្រើពាក្យរដ្ឋប្រហារយោធាចំៗទេ តែបាននិយាយថា កងទ័ពត្រូវតែយកអំណាចមកកាន់ដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ និងផ្តើមធ្វើកំណែទម្រង់លើច្បាប់មួយចំនួន។ ទង្វើរបស់កងទ័ពពេលនេះបានធ្វើឡើង បន្ទាប់ពីវិបត្តិបានអូសបន្លាយរយៈពេល ៦ខែគ្មានច្រកចេញ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ ២៨នាក់។
អ្វីជាការកត់សម្គាល់នោះនៅត្រង់ថា ការប្រកាសយកអំណាចមកកាន់របស់លោកចាន់អូចាថ្ងៃនេះបានធ្វើឡើង បន្ទាប់ពីរូបលោកចាន់អូចាធ្វើជាអាជ្ញាកណ្តាលនៅក្នុងកិច្ចប្រជុំបាន រយៈពេល ២ម៉ោងដែលចូលរួមដោយក្រុមអាវលឿង និងក្រុមអាវក្រហម។ កិច្ចប្រជុំដែលបានចាប់ផ្តើមធ្វើនៅថ្ងៃពុធ ទី២១ ឧសភា។ បើយោងតាមសាក្សីមួយចំនួនឲ្យដឹងថា នៅក្នុងពេលដែលលោកចាន់អូចាប្រកាសពីការយកអំណាចមកកាន់នោះ កងទ័ពក៏បាននំាយកក្រុមអ្នកតំណាងទំាងពីរក្រុមចូលក្នុងឡានទាហ៊ាន ដោយមិនដឹងយកទៅទីណាទេ។ មួយវិញទៀត គេក៏មិនអាចដឹងពីកន្លែងដែលលោកនាយករដ្ឋមន្រ្តីចំាផ្ទះកំពុងស្ថិត នៅដែរ។ សម្រាប់ក្រុមបាតុករទំាងពីរក្រុមវិញ ក៏គេនៅមិនទាន់ឃើញមានប្រតិកម្មយ៉ាងណាជុំវិញរដ្ឋប្រហារយោធាជា ថ្មីនៅពេលនេះទេ។
សូមជម្រាបជូនថា នៅក្នុងប្រទេសថៃ កងទ័ពជាអ្នកដែលមានអំណាចខ្លំាងជាងគេ។ គ្រាន់តែក្នុងរយៈពេល ៨១ឆ្នំា ថៃបានស្គាល់រដ្ឋប្រហារយោធា ឬមួយក៏ការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាចំនួន ១៩ដង។ ២ដងចុងក្រោយ គឺការទម្លាក់លោកថាក់ស៊ីនក្នុងឆ្នំា ២០០៦ និងថ្ងៃនេះ ទី២២ ឧសភា ឆ្នំា ២០១៤៕
Source: http://www.khmer.rfi.fr
Labels:
International News
RELATED POSTS
Subscribe to:
Post Comments (Atom)

No comments:
Post a Comment